1 Peter 2

1ដូច្នេះចូរ​អ្នករាល់គ្នា​បោះបង់គ្រប់ទាំងការអាក្រក់ឧបាយកលអំពើពុតត្បុតនិងសេចក្ដីច្រណែនព្រមទាំងការ​និយាយ​ដើម​គ្នា​គ្រប់បែបយ៉ាង​នោះ​ចោល​ទៅ! 2ចូរសង្វាតរកទឹកដោះសុទ្ធខាងវិញ្ញាណដូចជាទារកដែលទើប​នឹង​កើតធ្វើដូច្នោះដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើងដរាបដល់​ទទួល​បាន​សេចក្ដីសង្គ្រោះ 3ដ្បិតអ្នករាល់គ្នា​បាន​ភ្លក់ហើយថាព្រះអម្ចាស់ល្អ 4ចូលមកព្រះអង្គ​គឺ​ជា​ថ្ម​ដ៏​រស់​ដែល​ត្រូវ​មនុស្សបោះបង់ចោលប៉ុន្ដែព្រះជាម្ចាស់​បាន​ជ្រើសរើស​ព្រោះ​មានតម្លៃ 5អ្នករាល់គ្នាក៏​ដូចជាថ្ម​ដ៏​រស់ដែរ​កំពុង​តែ​បាន​សង់ឡើង​ឲ្យ​ទៅជា​ដំណាក់ខាងវិញ្ញាណ​និង​ជា​សង្ឃ​ដ៏​បរិសុទ្ធ​ដើម្បី​ថ្វាយយញ្ញបូជាខាងវិញ្ញាណដែល​គាប់​ព្រះហឫទ័យព្រះជាម្ចាស់តាមរយៈ​ព្រះ​យេស៊ូគ្រិស្ដ 6ដ្បិតមាន​សេចក្ដី​ចែង​ទុក​នៅក្នុងបទគម្ពីរថា៖ ​«មើល៍យើង​បាន​ដាក់ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ជា​ថ្ម​នៅ​តាម​ជ្រុង​ដ៏​មានតម្លៃ​ដែល​បាន​ជ្រើសរើសហើយអ្នកណាជឿលើថ្មនោះអ្នកនោះ​នឹង​មិន​ត្រូវ​ខកចិត្ដឡើយ»។ 7ដូច្នេះថ្ម​នេះ​មានតម្លៃ​សម្រាប់​អ្នករាល់គ្នាដែល​ជា​អ្នក​ជឿប៉ុន្ដែ​សម្រាប់​អ្នក​មិនជឿ​វិញ​ថ្ម​នេះ​ជា​ថ្មដែលជាងសំណង់បោះបង់ចោល​នោះ​ត្រលប់ជា​ថ្ម​ដ៏សំខាន់​នៅតាម​ជ្រុង 8ជាថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួលហើយ​ជា​ផ្ទាំង​ថ្ម​ដែល​ធ្វើ​ឲ្យ​រវាត​ចិត្ដ​ហើយ​គេ​ជំពប់ដួល​ពី​ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់​តាម​ព្រះបន្ទូល​ដោយ​ព្រោះ​ពួកគេ​ត្រូវ​បាន​កំណត់ទុកសម្រាប់​ការ​នោះ​ឯង។ 9រីឯអ្នករាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ជា​សង្ឃហ្លួង​ជា​ជនជាតិបរិសុទ្ធ​ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជាម្ចាស់​ដើម្បីឲ្យ​អ្នករាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ហៅអ្នករាល់គ្នា​ចេញ​ពីសេចក្ដីងងឹត​ចូល​មក​ក្នុងពន្លឺដ៏អស្ចារ្យ​របស់​ព្រះអង្គ 10កាលពី​ដើមអ្នករាល់គ្នាមិន​មែន​ជា​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ទេប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​ជា​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់​ហើយ​ពី​ដើម​អ្នករាល់គ្នាមិន​បាន​ទទួល​សេចក្ដី​មេត្ដាករុណាទេប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​បាន​ទទួលហើយ 11បងប្អូនជា​ទី​ស្រលាញ់​អើយ​ខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ដែល​ជាជនបរទេសហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ថា​ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាមដែលទាស់នឹងព្រលឹង 12ទាំងមានកិរិយាល្អនៅក្នុងចំណោម​សាសន៍​ដទៃ​ចុះ​ដើម្បីឲ្យ​គេ​សរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះដោយ​បាន​ឃើញអំពើល្អរបស់អ្នករាល់គ្នា​ទោះបី​គេ​ធ្លាប់​និយាយមួលបង្កាច់​អ្នករាល់គ្នា​ទុក​ដូចជាអ្នក​ប្រព្រឹត្ដ​អាក្រក់​ក៏ដោយ។ 13ដោយព្រោះព្រះអម្ចាស់​ចូរ​ចុះចូល​នឹង​អំណាចទាំងអស់​របស់​មនុស្សមិនថា​ចំពោះ​ស្ដេច​ដែល​មាន​អំណាច​ឧត្ដម 14លោក​អភិបាល​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ដាក់ទោស​ពួក​អ្នក​ប្រព្រឹត្ដ​អាក្រក់និងសរសើរ​ពួក​អ្នក​ប្រព្រឹត្ដ​ល្អ​នោះ​ទេ 15ដ្បិតការ​បិទមាត់មនុស្សល្ងង់ខ្លៅ​ដោយ​ការ​ប្រព្រឹត្ដិល្អ​ជា​បំណង​របស់​ព្រះជាម្ចាស់ 16ចូរប្រព្រឹត្ដ​ឲ្យ​សម​ជា​មនុស្ស​មាន​សេរីភាពប៉ុន្ដែមិន​ត្រូវ​ប្រើសេរីភាព​នោះ​បិទបាំងសេចក្ដីអាក្រក់​ឡើយ​ផ្ទុយទៅវិញ​ត្រូវ​ប្រព្រឹត្ដ​ឲ្យ​សម​ជាបាវបម្រើ​របស់​ព្រះជាម្ចាស់ 17ចូរគោរព​មនុស្ស​ទាំងអស់​ចូរ​ស្រលាញ់​គ្នា​ជា​បងប្អូន​ចូរ​កោតខ្លាចព្រះជាម្ចាស់​ហើយ​គោរពស្ដេច​ផង។ 18បាវបម្រើរាល់គ្នា​អើយ! ​ចូរ​ចុះចូល​នឹង​ចៅហ្វាយរបស់អ្នករាល់គ្នាដោយកោតខ្លាចគ្រប់បែបយ៉ាងមិនមែនត្រឹមតែ​ចៅហ្វាយ​ដែល​ល្អហើយស្លូត​ប៉ុណ្ណោះ​ទេគឺ​ទាំង​ចៅហ្វាយ​ដែល​កាចផង 19ដ្បិតបើអ្នកណាម្នាក់រងទុក្ខ​ដោយ​អយុត្តិធម៌​ហើយ​ស៊ូទ្រាំដោយព្រោះ​ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​អ្នកនោះ​បាន​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​ហើយ។ 20បើអ្នករាល់គ្នា​ស៊ូទ្រាំ​ឲ្យ​គេ​វាយដោយព្រោះ​បាន​ធ្វើបាប​នោះ​តើ​មាន​កិត្ដិយសអ្វី? ​ប៉ុន្ដែបើ​អ្នករាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខលំបាក​ដោយ​ព្រោះ​បាន​ប្រព្រឹត្ដល្អ​នោះ​ទើបបាន​ជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ 21ដ្បិតព្រះអង្គ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​មក​សម្រាប់​ការ​នេះ​ឯង​ព្រោះ​ព្រះ​គ្រិស្ដក៏​បាន​រងទុក្ខសម្រាប់អ្នករាល់គ្នាដែរ​ដើម្បី​ទុកគំរូ​ឲ្យ​អ្នករាល់គ្នា​ដើរតាមលំអាន​របស់​ព្រះអង្គ 22ព្រះអង្គមិន​ដែល​ប្រព្រឹត្ដបាប​ហើយ​ក៏​មិន​ដែល​ឃើញ​មាន​សេចក្ដីបោកប្រាស់ចេញពីព្រះឱស្ឋរបស់ព្រះអង្គ​ដែរ។ 23ពេលគេ​ប្រមាថ​ព្រះអង្គ​ព្រះអង្គ​មិនតបត​ទេ​ពេល​ព្រះអង្គ​រងទុក្ខលំបាក​ព្រះអង្គ​ក៏​មិន​បាន​គំរាមកំហែង​គេ​ដែរ​ផ្ទុយទៅវិញ​ព្រះអង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដល់​ព្រះជាម្ចាស់​ដែល​ជំនុំជម្រះដោយសុច្ចរិត 24ព្រះអង្គបាន​ផ្ទុកបាប​របស់​យើងក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាងដើម្បីឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​បាប​ហើយ​រស់​ខាង​ឯ​សេចក្ដី​សុចរិត​វិញ​អ្នករាល់គ្នា​ក៏​បាន​ជាសះស្បើយ​ដោយសារ​របួស​របស់​ព្រះអង្គ 25ដ្បិតកាល​ពី​ដើម​អ្នករាល់គ្នា​ប្រៀប​ដូចជាចៀមដែលវង្វងប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​បាន​ត្រលប់មកអ្នកគង្វាលនិងអ្នក​មើល​ថែព្រលឹងរបស់អ្នករាល់គ្នា​វិញ​ហើយ។
Copyright information for KhmKCB